គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សហគ្រាសផលិតឱសថប៉េប៉េអឹមប្រារព្ធខួបលើកទី៣០ ចំណែកឯក្រុមហ៊ុនខនហ្វីរេលលើកទី២៥ : ខួបទាំងពីរនៃដំណើរផ្សងព្រេងរបស់កម្ពុជា

កាលបរិច្ឆេទ: ១៧ កញ្ញា ២០២៦ / ការអភិវឌ្ឍន៍ / Author : ATH Sokren

ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦

នៅល្ងាចថ្ងៃដដែលជាមួយពិធីប្រគល់ពានរង្វាន់គីណាល់ និងពានរង្វាន់ត្នោតមាស ក្រុមហ៊ុន-សហគ្រាសប៉េប៉េអឹម-ខនហ្វីរេលទទួលស្វាគមន៍ភ្ញៀវជិតបីរយនាក់នៅទីស្នាក់ការកណ្តាលរបស់ខ្លួននៅចោមចៅ ដើម្បីអបអរសាទរខួបទាំងពីរ គឺខួបលើកទី៣០នៃសហគ្រាសផលិតឱសថប៉េប៉េអឹម ដែលជាសហគ្រាសផលិតឱសថបង្កើតឡើងក្នុងឆ្នាំ១៩៩៦ និងខួបលើកទី២៥នៃក្រុមហ៊ុនខនហ្វីរេលដែលជាក្រុមហ៊ុនកសិ-ចំណីអាហារបង្កើតឡើងក្នុងឆ្នាំ២០០១។ ក្រុមហ៊ុនទាំងពីរនេះដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងមានគម្លាតគ្នាប្រាំឆ្នាំ ត្រូវបានបង្កើតឡើងដោយមនុស្សតែម្នាក់គត់គឺលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង។

វត្តមានគណៈប្រតិភូដ៏ធំមួយមកពីទ្វីបអាហ្រ្វិកនិយាយភាសាបារាំង

ការប្រារព្ធខួបលើកនេះមានលក្ខណៈពិសេសមួយៈ ក្រៅពីវត្តមានរបស់ក្រុមការងារ ដៃគូពាណិជ្ជកម្ម និងបុគ្គលល្បីៗនៅកម្ពុជា ពិធីនេះបាននាំមកនូវគណៈប្រតិភូប្រមាណម្ភៃរូប ដែលជាអ្នកគ្រប់គ្រង អ្នកចែកចាយ និងដៃគូពាណិជ្ជកម្មមកពីប្រទេសអាហ្វ្រិកចំនួនប្រាំមួយដែលនិយាយភាសាបារាំង គឺប្រទេសបេណាំង កូតឌីវ័រ ម៉ាលី ម៉ូរីតានី នីហ្សេ និងសេណេហ្គាល់ អមដោយលោកស្រី Coumba Diallo នាយិកាផ្នែកនាំចេញនៃក្រុមហ៊ុនសហគ្រាសនៅទ្វីបអាហ្វ្រិក។ ធ្វើដំណើរមកដល់ទីក្រុងភ្នំពេញនៅថ្ងៃទី៨ និងទី១០ ខែកញ្ញា គណៈប្រតិភូទាំងនេះបានបន្តការស្នាក់នៅរបស់ពួកគេរហូតដល់ពាក់កណ្តាលខែកញ្ញា ដើម្បីទៅទស្សនារោងចក្រនៅចោមចៅ និងជួបជាមួយក្រុមការងារក្នុងស្រុក។

វត្តមានរបស់គណៈប្រតិភូនេះមិនមែនជារឿងតូចតាចទេៈ បច្ចុប្បន្នសហគ្រាសផលិតឱសថប៉េប៉េអឹមនាំចេញផលិតផលជាងពាក់កណ្តាលរបស់ខ្លួនទៅកាន់ប្រទេសប្រមាណ១៥ ដោយមានតម្រូវការខ្លាំងជាពិសេសនៅក្នុងប្រទេសសេណេហ្គាល់ និងម៉ាលី។ ចំណែកឯក្រុមហ៊ុនខនហ្វីរេលវិញកំពុងបង្កើនការចែកចាយផលិតផលសុខភាព និងសុខុមាលភាពរបស់ខ្លួននៅទីនោះផងដែរ ដូចជាផលិតផលប្រូប៊ីយ៉ូទិក KEM ជាដើម។

ក្នុងចំណោមបុគ្គលល្បីៗដែលមានវត្តមាននៅល្ងាចនោះរួមមាន ឯកឧត្តមបណ្ឌិតម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) អ្នកឧកញ៉ាហ៊ុន ឡាក់ អនុប្រធានសមាគមឧកញ៉ាកម្ពុជា ឯកឧត្តមអង្គ វង្សវឌ្ឍនា និងភរិយា ឯកឧត្តមបណ្ឌិតណៅ ធួក លោកហុក សុទ្ធិ មកពីអង្គការស៊ីប៉ា និងភរិយា លោកប៊ុន យូឌី សហស្ថាបនិកក្រុមហ៊ុន BUN & Associates និងលោកឆាយ មុនី ប្រធានក្រុមហ៊ុន KOFI Co., Ltd.។

ការថ្លែងអំណរគុណដល់បុគ្គលិកដែលបម្រើការងារយូរជាងគេរបស់ក្រុមហ៊ុន

កម្មពិធីនេះក៏ជាឱកាសមួយផងដែរដើម្បីសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកដែលបម្រើការងារយូរជាងគេបំផុតនៅក្រុមហ៊ុន ដែលពួកគេមួយចំនួនបាននៅជាមួយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ចាប់តាំងពីការបង្កើតសហគ្រាសផលិតឱសថប៉េប៉េអឹមក្នុងឆ្នាំ១៩៩៦ មកម្ល៉េះ ពោលគឺជិតសាមសិបឆ្នាំនៃភក្ដីភាព។

ពួកគេទាំង១១រូបត្រូវបានអញ្ជើញឱ្យឡើងលើឆាកដើម្បីទទួលបណ្ណសរសើរៈ លោកស្រីសាកេត អេលីដា លោកទ្រី យន លោកហៃ ពិសី លោកស្រី Coumba Diallo  លោកសាស្រ្តាចារ្យ​ ទួត សុខុម លោកស្រីឱសថបណ្ឌិត​ អ៊ុង សុថ្ថាវី លោកស្រីឈឹម វល្លភា លោកហាក់ តែល  លោក​ស្រី ហាក់ វ៉ារី លោកស្រីឡាយ លាភស៊ី្រន លោកលិន សេងហឿង និងលោកភោគ វិសាល។ ពួកគេគឺជាសាក្សីរស់នៃប្រវត្តិរបស់ក្រុមហ៊ុនសហគ្រាសៈ ពួកគេតំណាងឱ្យស្ត្រី និងបុរស ដែលពីមួយថ្ងៃទៅមួយថ្ងៃ មិនថានៅក្នុងមន្ទីរពិសោធន៍ នៅផ្នែកផលិតកម្ម ផ្នែកដឹកជញ្ជូន ផ្នែកវេចខ្ចប់ ឬក៏ផ្នែកនាំចេញនោះទេ បានចូលរួមអភិវឌ្ឍសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេលជាមួយស្ថាបនិករបស់ក្រុមហ៊ុនសហគ្រាស។ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានសង្កត់ធ្ងន់ នៅពេលលោកប្រគល់បណ្ណសរសើរដល់ពួកគេថាៈ «បើគ្មានពួកគេទេ ក៏គ្មានអ្វីដែលយើងប្រារព្ធនៅយប់នេះដែរ»។

 ការសម្ពោធសៀវភៅ «ពន្លឺថ្មីលើដែនដីចាស់»

ចំណុចលេចធ្លោមួយនៃល្ងាចនោះ : ក្នុងឱកាសប្រារព្ធខួបទាំងពីរនេះ ក៏មានកម្មវិធីសម្ពោធសៀវភៅថ្មីរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែលមានចំណងជើងថា «ពន្លឺថ្មីលើដែនដីចាស់» ផងដែរ។ ស្នាដៃថ្មីនេះគឺជាភាគបន្តពីសៀវភៅទីមួយដែលមានចំណងជើងថា «ចករសាត់កាត់ព្យុះកម្ពុជា» បោះពុម្ពផ្សាយនៅឆ្នាំ២០១៥ ដែលនៅក្នុងសៀវភៅនោះ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានរៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួនផង និងពីប្រវត្តិការងារផង ពីកុមារភាពរបស់លោករហូតដល់ពេលនិរទេសខ្លួនចេញទៅក្រៅប្រទេស និងពេលត្រឡប់មកមាតុប្រទេសវិញមកបង្កើតក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល។ នៅក្នុងសៀវភៅភាគពីរ លោកឧកញ៉ាឱសថបណ្ឌិតបានរ៉ាយរ៉ាប់សាច់រឿងរបស់លោកបន្ត និងបង្ហាញពីចក្ខុវិស័យរបស់លោកដោយផ្អែកលើបទពិសោធផ្ទាល់ខ្លួន អំពីអនាគតរបស់ប្រទេសកម្ពុជាៈ លោកចង់ឃើញប្រទេសមួយនេះទទួលបានឯករាជ្យភាពផ្នែកសេដ្ឋកិច្ច សុខភាព និងចំណីអាហាររបស់ខ្លួនឡើងវិញយ៉ាងពេញលេញ ដោយពឹងផ្អែកលើយុវជន ធនធានក្នុងស្រុក និងចំណេះជំនាញរបស់ខ្លួន។

 ក្រុមហ៊ុនពីរតែគោលបំណងតែមួយ

បង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយមានការគាំទ្រពីកម្មវិធី EU-ECIP របស់សហភាពអឺរ៉ុប សហគ្រាសផលិតឱសថប៉េប៉េអឹមបានក្លាយជាក្រុមហ៊ុនផលិតឱសថដំបូងគេបង្អស់នៅកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ GMP (ការអនុវត្តការផលិតល្អ) នៅឆ្នាំ២០០៦ និងក្រោយមកនៅឆ្នាំ២០១៨ បានក្លាយជាទីតាំងឧស្សាកម្មដំបូងគេនៅកម្ពុជាដែលឆ្លើយតបនឹងលក្ខខណ្ឌស្តង់ដាអន្តរជាតិដ៏តឹងរឹងបំផុត។ បច្ចុប្បន្ន សហគ្រាសនាំចេញផលិតផលឱសថរបស់ខ្លួនជាងពាក់កណ្តាលទៅកាន់បណ្តាប្រទេសនិយាយភាសាបារាំងប្រមាណ១៥នៅទ្វីបអាហ្រ្វិក និងនៅអាស៊ីអាគ្នេយ៍។

ចំណែកឯក្រុមហ៊ុនខនហ្វីរេលដែលបង្កើតឡើងនៅឆ្នាំ២០០១ គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែរដែលបានលើកកម្ពស់ស្ករត្នោតម៉ាកThnot និងម្រេចកំពត ជាផលិតផលខ្មែរទីមួយដែលទទួលបានវិញ្ញាបនបត្រសរីរាង្គអន្តរជាតិចំនួនបី (សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសជប៉ុន)។ បច្ចុប្បន្ន ក្រុមហ៊ុនខនហ្វីរេលនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសជាង២០នៅលើសកលលោក។